ម៉ោង ១២ អាធ្រាត្រ លោកអនុប្រធានទីមួយ៊នៃមន្ទីរពេទ្យ « ក » ត្រឡប់មកពីច្រៀងខារ៉ាអូខេវិញ ក៏ឆៀងចូលកន្លែងប្រចាំការរបស់មន្ទីរពេទ្យ ដែលនៅទីនោះ មានវេជ្ជបណ្ឌិតម្នាក់ ប្រញាប់លើកកៅអីអញ្ជើញអង្គុយ ។
លោកប្រធានទីមួយសួរ ៖
- យប់នេះ មានអ្នកជំងឺសង្គ្រោះបន្ទាន់ទេ ?
- បាទ, អត់ទេ ស្ងាត់ល្អណាស់ ។ ប៉ុន្តែ មានដែរ ។
- ម៉េចម្ដងអត់ ម្ដងមានអ៊ីចឹង ?
- បាទ, គឺអ៊ីចេះ ។ កាលពីម៉ោង ១០ ពុំដឹងយាយប៉ិណាទេ សម្ដីចេញមកឈ្លើយទាំងបាវ ៗ សួរកំបុតកំបុយ ។
“ មន្ទីរពេទ្យ « ក » មែនទេ ? យកឡានមួយគ្រៀងមកផ្ទះលេខ ០៤ ផ្លូវ « ខ » ជាបន្ទាន់ គ្រួសារខ្ញុំចុកពោះខ្លាំអណាស់” ។ ហ៊ិះ យាយប៉ិនោះ ធ្វើមើលតែមន្ទីពេទ្យ «ក » ជាំរបស់ខ្លួន ហើយចំណែកប្ដីខ្លួន ជាឪរបស់គេឯងក្នុងមន្ទីរពេទ្យនេះអ៊ីចឹង ។ គិតមើល មន្ទីរពេទ្យយើង មានរថយន្តតែបីគ្រឿងប៉ុណ្ណោះ តែមួយគ្រឿង ជូនលោកប្រធានទៅស្រុក សួរសុខទុក្ខម្ដាយគាត់ មួយគ្រឿងទៀត ជូនលោកអនុប្រធានទីពីរ ចុះស្រាវជ្រាវរោគឆ្លងតាមមូលដ្ឋាន អត់ទាន់ត្រឡប់មកវិញ ចំណែកមួយគ្រឿងទៀត ជូនលោកបងទៅច្រៀងខារ៉ាអូខេ ។ ហេតុនេះ ខ្ញុំឆ្លើយទៅយាយប៉ិនោះវិញថា រថយន្តមន្ទីរពេទ្យ « ក » កំពុងជាប់រវល់ ។ បើប្ដីអ្នកស្រីឈឺធ្ងន់ អ្នកស្រីដឹកគាត់តាមរថយន្តតាក់ស៊ីមក ឬ តាមស៊ីក្លូ ម៉ូតូឌុបក៏បាន ។ ពួកខ្ញុំរវល់ណាស់ អត់ទំនេរទេ ។ តាមដែលស្អប់សម្ដីឈ្លើយរបស់យាយប៉ិនោះ ខ្ញុំវិះព្រលះវិញឱ្យណាណីម្ដង តែទប់ចិត្តបាន ទើបឆ្លើយអ៊ីចឹងតែម្ដង ឱ្យចប់រឿង…
- ឈប់សិន ! អម្បាញ់មិញ លោកថា យាយប៉ិនោះប្រាប់ផ្ទះលេខប៉ុន្មាន ? នៅផ្លូវណា ?
- បាទ ផ្ទះលេខ ០៤ ផ្លូវ « ខ » …
- ថាម៉េច ? ផ្ទះលេខ ០៤ ផ្លូវ « ខ » ? វីវរហើយ ! នេះជាផ្ទះឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹងទេ ?